នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈលើសេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួម” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយសហការី ដែលបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្តីព្រាងប្រកាសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ សេចក្តីព្រាងប្រកាសនេះ កំណត់អំពីលក្ខខណ្ឌ នីតិវិធីពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួម និងប្រតិបត្តិការរបស់មូលនិធិនៅក្រោយការបោះផ្សាយ ដើម្បីធានាបាននូវគណនេយ្យភាព និងតម្លាភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធដែលសរុប ១២០ រូប រួមមានតំណាងមកពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ក្រុមហ៊ុនអភិបាលមូលនិធិ ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ក្រុមហ៊ុនធានារ៉ាប់រង ការិយាល័យ/ក្រុមហ៊ុនមេធាវី ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិ ធនាគារពាណិជ្ជ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។


















ប្រភព៖និយ័តករមូលបត្រកម្ពុជា