នាថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងគណៈកម្មការមូលបត្រឡាវ (LSCO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងអភិវឌ្ឍទីផ្សារមូលបត្រទាំងពីរ ដើម្បីរក្សាបាននូវសុចរិតភាពទីផ្សារ ដោយការកើនឡើងនូវសកម្មភាពជាលក្ខណៈអន្តរជាតិរវាងការអភិវឌ្ឍសកម្មភាពមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
MoU នេះ មានវិសាលភាពគ្របដណ្ដប់លើការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកដែលមានអត្ថប្រយោជន៍ផ្នែកនិយ័តកម្មសម្រាប់ប្រទេសទាំងពីរ។ លើសពីនេះ MoU នេះ ក៏នឹងជួយគាំទ្រដល់ការកសាងសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំងពីរ តាមរយៈធនធានមនុស្ស។ មុននឹងដាក់ចេញនូវសកម្មភាពជួយគ្នា និយ័តករទាំងពីរ នឹងកំណត់នូវផ្នែកដែលត្រូវការជំនួយជាអាទិភាពដោយផ្អែកលើតម្រូវការ ភាពដែលអាចទៅរួច និងលទ្ធផលរំពឹងទុក។
ក្នុងពិធីនេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានមានប្រសាសន៍ថា “មុនពេលចុះ MoU នេះ ន.ម.ក. និង LSCO ជាមិត្តល្អ និងជាដៃគូសហការដ៏ល្អដែលធ្វើការជាមួយគ្នា ដើម្បីការអភិវឌ្ឍទីផ្សារទាំងពីរ និងទីផ្សារក្នុងតំបន់។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា តាមរយៈ MoU ដែលយើងចុះនៅថ្ងៃនេះ នឹងបង្កើនឱកាសក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ ដោយយើងនឹងសិក្សាជាមួយគ្នា ដើម្បីដោះស្រាយកង្វល់រួម កំណត់ផលប្រយោជន៍រួម និងជំរុញការយល់ដឹងកាន់តែច្រើននៅក្នុងមាគ៌ាដែលយើងអភិវឌ្ឍ គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្ររបស់យើង។ តាមរយៈ MoU នេះ ទីផ្សារទាំងពីរនឹងទទួលបាននូវអត្ថប្រយោជន៍ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង”។
លោកស្រី Fongchinda Sengsourivong អគ្គលេខាធិការ និងជាអគ្គនាយិកានៃ LSCO ក៏បានបញ្ជាក់ផងដែរថា “តាមរយៈការចុះ MoU នេះ ខ្ញុំជឿជាក់ថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងអនុវត្ត MoU ជាពិសេសក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ និងការអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំងពីរ រួមមានការបង្កើន និងពង្រឹងក្រុមហ៊ុនចុះបញ្ជី ការអភិវឌ្ឍផលិតផលមូលបត្រ ការបង្កើន និងការការពារវិនិយោគិន ការជំរុញការវិនិយោគឆ្លងដែន និងផ្នែកផ្សេងៗទៀតតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការបច្ចេកទេស”។
MOU ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ស៊ូ សុជាតិ និង លោកស្រី Fongchinda Sengsourivong ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ម.ក. និង LSCO និងសាក្សីជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានអ្នកចូលរួមសរុប ចំនួន ៦៨ នាក់។
បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គណៈប្រតិភូ និងមន្ត្រីជាន់ខ្ពស់នៃ ន.ម.ក. និង LSCO បានធ្វើការពិភាក្សាទ្វេភាគីជាជំហានដំបូងដើម្បីកំណត់ពីតម្រូវការសក្តានុពល និងផែនការសកម្មភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ជាកិច្ចចាប់ផ្តើមនៃការអនុវត្ត MOU នេះ ន.ម.ក. បានចែករំលែកបទពិសោធន៍ជាមួយ LSCO លើការអភិវឌ្ឍ និងការរៀបចំបទប្បញ្ញត្តិបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ៖ សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិតាមរយៈ៖ +៨៥៥ ១២ ៤៧០ ៤៧៦ (អុីន រដ្ឋាមុន្នី), +៨៨៥ ១៥ ៦៦៩ ៥៦០ (រិន ធីលីហ្សា) ឬអ៊ីមែល: r_thyliza@serc.gov.kh
គណៈកម្មការមូលបត្រឡាវ (LSCO)
សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ៖ សូមទាក់ទងនាយកដ្ឋានកិច្ចការសាជីវកម្មតាមរយៈ៖ +៨៥៦ ២០ ២២២២ ៣៦៩៤ (Alounna SIVONGTHONG), +៨៥៦ ២០ ២២១១ ១១៨១ (Vilatda LEUDNIGNOM)) ឬអ៊ីមែលៈ vilatda.lsc@gmail.com
អំពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០០៨ ក្រោមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន (ព្រះរាជក្រមលេខ នស/រកម/១០០៧/២៨) និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (ព្រះរាជក្រមលេខ នស/រកម/០១២១/០០៣)។ ន.ម.ក. មានតួនាទីគ្រប់គ្រងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានបន្ថែមអំពី ន.ម.ក. មាននៅលើគេហទំព័រ www.serc.gov.kh។ អ្នកក៏អាចតាមដានព័ត៌មានបន្ថែមនៅលើ គេហទំព័រហ្វេកប៊ុកផ្លូវការរបស់ ន.ម.ក. តាមរយៈ៖ www.facebook.com/serc.gov.kh។
អំពីគណៈកម្មការមូលបត្រឡាវ៖
គណៈកម្មការមូលបត្រឡាវ (LSCO) ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០១០ ក្រោមក្រឹត្យស្តីពីការជួញដូរមូលបត្រ (លេខ២៥៥/ផម ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១០)។ LSCO ដើរតួជាលេខាធិការដ្ឋានសម្រាប់គណៈកម្មការមូលបត្រឡាវ ក្នុងការត្រួតពិនិត្យ គ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពមូលបត្រ ហើយក៏ជាអាជ្ញាធរស៊ើបអង្កេតមូលបត្រផងដែរ។ ព័ត៌មានបន្ថែមអំពី LSCO មាននៅលើគេហទំព័រ www.lsc.gov.la។ តាមដាន LSCO នៅលើផេកហ្វេកប៊ុក www.facebook.com/lscoffices សម្រាប់ព័ត៌មានថ្មីៗបន្ថែម។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា