ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីរៀបចំពិធីចុះកិច្ចព្រមព្រៀងស្ដីពី “តំណភ្ជាប់ប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមប្រព័ន្ធអនឡាញ” រវាងនិយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
=================
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានរៀបចំពិធីចុះកិច្ចព្រមព្រៀងស្ដីពី “តំណភ្ជាប់ប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមប្រព័ន្ធអនឡាញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី។ តាមរយៈកិច្ចព្រមព្រៀងនេះ ការអភិវឌ្ឍតំណភ្ជាប់រវាងប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញរបស់ ន.ម.ក. ជាមួយនឹងប្រព័ន្ធបើកគណនីជួញដូរមូលបត្រ តាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹងត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលនីតិវិធី និងជាច្រកតែមួយដើម្បីទទួលបានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរមូលបត្រក្នុងពេលតែមួយ។






ប្រភព៖ និយ័តករមូលបត្រកម្ពុជា