នៅខែមីនា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលប្រចាំប្រទេសកម្ពុជា (GGGI) សហការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានដាក់ឱ្យដំណើរការ គម្រោងជំរុញការបោះ-ផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ ESCAP និងដៃគូសហការ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណឯកជនចំនួន ៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពក្នុងឆ្នាំ២០២៣។
ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស រួមមាន៖
១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៖ ជាគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុទទួល ប្រាក់ បញ្ញើនៅ កម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់ ៥០ លាន ដុល្លារ អាមេរិក។
២. ក្រុមហ៊ុន ហ្គោលដេន ទ្រី៖ ជាក្រុមហ៊ុនអចលនទ្រព្យដែលនឹងត្រូវទទួលបានការគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតងជាលើកទីពីរ ក្នុងទំហំទឹកប្រាក់ ២៥ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង។
៣. ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Royal Group Phnom Penh SEZ)៖ ជាក្រុមហ៊ុន ចុះ បញ្ជី លក់មូលបត្រ ជាសាធារណៈ ដែល គ្រប់ គ្រង តំបន់ សេដ្ឋកិច្ច ពិសេស ភ្នំពេញ នឹង ទទួលបានការ គាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណ និរន្តរភាព ក្នុងទំហំទឹកប្រាក់ ២០ លាន ដុល្លារ។
ដោយសារតែក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ជាទូទៅប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើនក្នុងការបោះផ្សាយសញ្ញាបណ្ណ Thematic (សញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព) ដោយសារតែកត្តាការយល់ដឹង និងសមត្ថភាពនៅមានកម្រិតរបស់ក្រុមហ៊ុន ក៏ដូចជាការចំណាយនៃការបោះផ្សាយកាន់តែខ្ពស់។ CGIF, ESCAP, GGGI និង GuarantCo នឹងរួមគ្នាផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់ក្រុមហ៊ុនត្រៀមបោះផ្សាយនាពេលអនាគត ដូចជាការគាំទ្រក្នុងការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណ ការបំពេញតាមឧត្តមានុវត្តន៍ ការសម្របសម្រួលការរាយការណ៍ក្រោយបោះផ្សាយ និងផ្តល់ជម្រើសសហហិរញ្ញប្បទាន ដើម្បីកាត់បន្ថយថ្លៃដើមនៃការបោះផ្សាយសញ្ញាបណ្ណ និងការគាំទ្រលើការវិនិយោគ។
សរុបមក កម្មវិធីនេះផ្តល់ឱ្យក្រុមហ៊ុនបោះផ្សាយដែលត្រូវបានជ្រើសរើសនូវជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលត្រូវការការគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាព ដើម្បីចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងផ្សារភាគហ៊ុនផ្សេងទៀតដែលសមស្រប។ លើសពីនេះទៅទៀត ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំង ៣ ខាងលើ នឹងទទួលបាននូវការគាំទ្រសម្រាប់ការត្រៀមបោះផ្សាយ ដើម្បីអាចឈានដល់ការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណ។
លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP បានថ្លែងថា “ការដាក់ឱ្យដំណើរការនូវកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា គឺជាសមិទ្ធផលសំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមដែលក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណជួបប្រទះនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ និងការពង្រឹងនូវចំណេះដឹង និងសមត្ថភាពរបស់ក្រុមហ៊ុន យើងមានគោលបំណងដើម្បីពង្រីកសក្តានុពលសញ្ញាបណ្ណ Thematic ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅកាន់អនាគតប្រកបដោយនិរន្តរភាព និងភាពធន់ជាងមុន”។
រាជរដ្ឋាភិបាល កម្ពុជា បាន ចាត់ទុក ការ បន្ស៊ាំ និង ការ កាត់ បន្ថយ ការប្រែ ប្រួលអាកាសធាតុជា អាទិភាព ចំបងមួយ ក្នុង យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ជាតិ របស់ ខ្លួន។ ដើម្បីអាចសម្រេចបាននូវគោលដៅនេះ គឺត្រូវការនូវមូលនិធិដ៏ច្រើន។ នៅក្នុងការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) ចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ផែនការកាត់បន្ថយការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងត្រូវការថវិកាសរុបប្រមាណ ៧,៨ ប៊ីលានដុល្លារអាមេរិក។ សញ្ញាបណ្ណ Thematic មានសក្តានុពលក្នុងការបំពេញនូវគម្លាតហិរញ្ញប្បទាននេះ ដោយការកៀរគរការវិនិយោគសម្រាប់វិស័យសាធារណៈ និងឯកជនសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។
លោក បណ្ឌិត Frank Rijsberman អគ្គនាយក GGGI បានលើកឡើងថា “កម្មវិធីជំរុញការបោះ-ផ្សាយសញ្ញាបណ្ណ និរន្តរភាពនៅកម្ពុជាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណដែលត្រូវបានជ្រើសរើសទាំងបីគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ហ្គោលដេន ទ្រី និង PPSP ដែលនេះជាការបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាលើការរីកលូតលាស់ទីផ្សារសញ្ញាបណ្ណ Thematic។ ទំហំសញ្ញាបណ្ណនិរន្តរភាពរបស់ក្រុមហ៊ុនបោះផ្សាយសក្តានុពលទាំងបី សរុបប្រមាណ ៩៥ លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៥០% នៃសញ្ញាបណ្ណធម្មតាដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ GGGI នៅតែប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហ៊ុនបោះផ្សាយក្នុងវិស័យឯកជនក្នុងការកំណត់គម្រោងបៃតង ការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណប្រកបដោយនិរន្តរភាព និងការផ្តល់ឱកាសនូវការពង្រឹងឥណទាន ដើម្បីជំរុញ ហិរញ្ញប្បទាន ប្រកប ដោយ និរន្តរភាព នៅ កម្ពុជា”។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន .ម.ក. បានលើកឡើងថា “ន.ម.ក. ជាមួយនឹងដៃគូអភិវឌ្ឍន៍ ESCAP និង GGGI មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការជ្រើសរើសក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណសម្រាប់វិស័យឯកជន ដើម្បីទទួលបាននូវការគាំទ្រក្រោមក្រប-ខណ្ឌការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរីកចម្រើននៃទីផ្សារមូលធនរបស់កម្ពុជា និងការសម្រេចបាននូវគោលដៅរបស់យើងក្នុងការលើកទឹកចិត្តឱ្យមានការប្រើប្រាស់នូវសញ្ញាបណ្ណបៃតង និរន្តរភាព និងផ្សារភ្ជាប់និរន្តរភាព ដើម្បីជួយដល់កំណើនវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា”។
ពួកយើងនឹងផ្តល់ការគាំទ្រការចុះបញ្ជីសញ្ញាបណ្ណបៃតង និងនិរន្តរភាពថ្មីទាំងបីនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២៣។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា Securities and Exchange Regulator of Cambodia