និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) មានសេចក្ដីសោមនស្សរីករាយ និងសូមអបអរសាទរ ចំពោះសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាបុគ្គលធានាលើការបោះផ្សាយលក់មូលបត្របំណុលនៅកម្ពុជា ដែលទទួលបានការសិក្សា វាយតម្លៃ និងទទួលបានចំណាត់ថ្នាក់ឥណទាន KhAAA ពីក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក (RAC) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លទ្ធផលនេះបង្ហាញពីភាពរឹងមាំរបស់ក្រុមហ៊ុនក្នុងនាមជាបុគ្គលធានា ហើយ ន.ម.ក. ជឿជាក់យ៉ាងមុតមាំថា ការចូលរួមរបស់ CGCC នៅក្នុងទីផ្សារមូលបត្រកម្ពុជានឹងបង្កើននូវទំនុកចិត្តរបស់វិនិយោគិនមកលើទីផ្សារមូលបត្រកម្ពុជាកាន់តែខ្ពស់ជាងមុន និងជាពិសេសការចូលរួមជំរុញនូវកំណើននៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
តាងនាមឱ្យ ន.ម.ក. ខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃ CGCC សូមឱ្យទទួលបាននូវភាពជោគជ័យ និងកាន់តែរីកចម្រើនបន្តទៅមុខទៀត ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា