នាព្រឹកថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី២៥ ដល់ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រ ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា៖ “ទំនុកចិត្តទីផ្សារគឺជាកត្តាសំខាន់ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រ ដូចនេះ ក្រុមហ៊ុន និងបុគ្គលទាំងអស់ដែលប្រកបអាជីវកម្ម និងបម្រើការងារនៅក្នុងវិស័យមូលបត្រ ត្រូវបំពេញនូវកាតព្វកិច្ច និងតួនាទីស្របតាមក្របខណ្ឌបទប្បញ្ញត្តិ ប្រកបដោយ វិជ្ជាជីវៈជំនាញខ្ពស់ និងសេវាកម្មល្អ ដើម្បីកសាង និងពង្រឹងទំនុកចិត្តទីផ្សារ នឹងជំរុញឱ្យទីផ្សាររបស់យើងកាន់តែ មានភាពរីកចម្រើន។ ការអភិវឌ្ឍវិស័យមូលបត្រគឺទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងទីផ្សារ ”។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុបចំនួន ១៩៥ រូប (បរទេស ៤៧ រូប) និងត្រូវបានបែងចែកជា ៦ ក្រុម ដែលមានរយៈពេលសរុប ៦ ថ្ងៃ និងមានការចូលរួមជាវាគ្មិនមកពី ន.ម.ក., ផ្សារមូលបត្រកម្ពុជា,ផ្សារភាគហ៊ុនម៉ាឡេស៊ី, ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក, ក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក, ក្រុមហ៊ុន ហ្គោល ហ្វាយនេនសល គ្លូប៊ល អ៊ិនវេសម៉ិន, ក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ម៉ាឃីត ឯ.ក និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា