រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារទី ១៤ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ឆ្នាំ ២៥៦៨ ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) «RAC» និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា «ITC» បានចុះអនុស្សារណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការលើការគាំទ្រផ្នែកបច្ចេកទេសលើការផ្ទៀងផ្ទាត់គម្រោងបៃតង»។
គួររម្លឹកផងដែរថាក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) គឺជាភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់លទ្ធភាពសងដែលបានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា «SERC»។ ខណៈដែលវិទ្យសា្ថនបច្ចេកវិទ្យាកម្ពុជា ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា។ អនុស្សារណៈយោគយល់នេះ នឹងអនុញ្ញាត្តឲ្យស្ថាប័នទាំងពីរបានធ្វើការរួមគ្នា ក្នុងគោលដៅរួមចំណែកលើការប្រើប្រាស់ហិរញ្ញវត្ថុលើគម្រោងនិរន្តភាព ពិសេសគឺគម្រោងបៃតង។
ពិធីអនុស្សរណៈយោគយល់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពនៃ ឯកឧត្តម្តបណ្ឌិតសាស្រ្តាចារ្យ ប៉ូ គឹមថូ ដែលជាសកលវិទ្យាធិការនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង លោក ស៊ីសុវត្ថិ ចក្រការា,CFA ដែលជាអភិបាលប្រតិបត្តិនៃក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា)។
ពិធីនេះត្រូវបានបិទបញ្ចប់ដោយល្អប្រសើរ និងត្រូវបានរំពឹងថានឹងមានកិច្ចសហការយ៉ាងសកម្មនាពេលអនាគត។