នារសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយនឹងក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក ក្រុមហ៊ុន Credit Guarantee & Investment Facility (CGIF) សាកលវិទ្យាល័យម៉ូណាស និងក្រុមហ៊ុន SBI Royal Securities PLC. បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “វឌ្ឍនភាពនៃការបោះផ្សាយមូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង” នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការបោះផ្សាយលក់មូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង ដែលមានការចូលរួមដោយតំណាងពីអគ្គលេខាធិការរដ្ឋាន អ.ស.ហ. និងនិយ័តករ និងអង្គភាពក្រោមឱវាទនៃ អ.ស.ហ. ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនសក្តានុពល ក្រុមហ៊ុនធានាទិញមូលបត្រ ភាគីពាក់ព័ន្ធចំនួន ៨ ស្ថាប័នផ្សេងទៀត និងមន្ត្រីជំនាញនៃនិយ័តករមូលបត្រកម្ពុជា។



























ប្រភព៖និយ័តករមូលបត្រកម្ពុជា