គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលប្រចាំប្រទេសកម្ពុជា (GGGI) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលប្រចាំប្រទេសកម្ពុជា (GGGI) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និរន្តរភាព និងគម្រោងដែលមិនមានការសាយភាយឧស្ម័នកាបូនិច (Net-zero project) នៅកម្ពុជា។ ជាផ្នែកមួយនៃភាពជាដៃគូនេះ ន.ម.ក. ESCAP, GGGI, សាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃគ្រុបអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានប្រកាសពីការដាក់ឱ្យដំណើរការការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា តាមរយៈការផ្តល់គម្រោងកម្មវិធីជំនួយបច្ចេកទេសដល់ក្រុមហ៊ុនបោះផ្សាយ។


កម្ពុជាត្រូវការហិរញ្ញប្បទានដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងដើម្បីសម្រេចបានតាមគោលដៅនៃការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីអាកាសធាតុ (NDC)។ ប្រសិនបើគ្មានការបន្សាំទៅនឹងអាកាសធាតុ និងការវិនិយោគឆ្ពោះទៅរកការកាត់បន្ថយផលប៉ះពាល់ទាំងនោះទេ ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ត្រូវបានប៉ាន់ប្រមាណថានឹងអាចធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ ១ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមួយឆ្នាំ នៅក្នុងទសវត្សរ៍ក្រោយ ហើយសេដ្ឋកិច្ចអាចនឹងមិនមានកំណើនត្រឹមឆ្នាំ២០៥០។ យោងតាមរបាយ-ការណ៍ចុងក្រោយរបស់ NDCs ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងផែនការសម្របខ្លួនទៅនឹងអាកាសធាតុនៅកម្ពុជា ត្រូវការមូលនិធិសរុបប្រហែល ៧,៨ ប៊ីលានដុល្លារអាមេរិក។ ឧបករណ៍ហិរញ្ញប្បទានបែបនវានុវត្តន៍ (ការបង្កើតថ្មី) ដូចជាសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណនិរន្តរភាព មានសក្តានុពលខ្លាំងក្នុងការកាត់បន្ថយគម្លាតហិរញ្ញប្បទាននេះ តាមរយៈការជំរុញឱ្យវិនិយោគិនឯកជន និងស្ថាប័នកំណត់នូវផែនការវិនិយោគលើរបៀបវារៈនិរន្តរភាពជាអាទិភាព។
លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខា-ធិការប្រតិបត្តិនៃ UNESCAP បានមានប្រសាសន៍ថា “សញ្ញាបណ្ណបៃតង សញ្ញាបណ្ណនិរន្តរភាព និងសញ្ញា-បណ្ណផ្សារភ្ជាប់និរន្តរភាព ជាឧបករណ៍វិនិយោគប្រកបដោយនវានុវត្តន៍ ដើម្បីផ្តល់ហិរញ្ញប្បទានឆ្ពោះទៅរកគំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។ តាមរយៈភាពជាដៃគូរបស់ UNESCAP ជាមួយ ន.ម.ក. និង GGGI យើងមានមោទនភាពក្នុងការធ្វើការ ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទានឆ្ពោះទៅរកការផ្តួចផ្តើមពាក់ព័ន្ធទៅនឹងការបន្សុំាអាកាសធាតុ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ យើងក៏មានសេចក្តីសោមនស្សផងដែរ ដែលគំនិតផ្តួចផ្តើមនេះ ទទួលបានកិច្ចសហការ និងការគាំទ្រពី CGIF និង GuarantCo។
កម្មវិធីនេះ នឹងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនកម្ពុជាដែលគ្រោងនឹងបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញា-បណ្ណនិរន្តរភាព និងសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាព តាមរយៈការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនបោះផ្សាយ និងការពង្រឹងសមត្ថភាពក្រុមហ៊ុន ដើម្បីអាចអនុលោមតាមស្តង់ដាអន្តរជាតិនៃសញ្ញាបណ្ណផ្សារ-ភ្ជាប់និរន្តរភាព និងសញ្ញាបណ្ណ Thematic និងការកាត់បន្ថយចំណាយក្នុងការបោះផ្សាយ។ ក្នុងឆ្នាំនេះ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមនេះ នឹងជ្រើសរើសក្រុមហ៊ុនចំនួន ៤ ដើម្បីផ្តល់ការប្រឹក្សាបច្ចេកទេស និងការកសាងសមត្ថភាពស្តីពីការរៀបចំការបោះផ្សាយសញ្ញាបណ្ណបៃតង ក៏ដូចជាការវិនិយោគសម្រាប់គាំទ្រដល់ការធ្វើ Roadshow ការតភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន និងការលើកកម្ពស់ឥណទានតាមជាក់ស្តែង។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានមានប្រសាសន៍ថា “ដោយសម្លឹងឃើញពីភាពចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ន.ម.ក. បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណនិរន្តរភាព និងសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាព ហើយបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ដើម្បីសម្រេចបានគោលដៅនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយ ESCAP និង GGGI ព្រមទាំងមានការគាំទ្រពី CGIF និង GuarantCo នឹងរួមចំណែកនៅក្នុងការសម្រេចបាននូវគោលដៅរបស់យើង។ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ដូច្នេះសូមចូលរួមជាមួយយើងក្នុងការបោះផ្សាយ និងវិនិយោគលើសញ្ញាបណ្ណបៃតង និរន្តរភាព និងផ្សារភ្ជាប់និរន្តរភាពនៅកម្ពុជា”។
លោកបណ្ឌិត Frank Rijsberman អគ្គនាយក GGGI បានលើកឡើងថា “គំនិតផ្តួចផ្តើមនេះ តំណាងឱ្យការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅកម្ពុជា។ GGGI មានកិត្តិយសក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យទីផ្សារសញ្ញាបណ្ណThematicមានភាពចាស់ទុំជាងមុន តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង”។
គំនិតផ្តួចផ្តើមជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា បង្កើតឡើងក្រោម ភាពជាដៃគូរវាង ន.ម.ក. ESCAP និង GGGI មានគោលបំណងជំរុញការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅកម្ពុជា ព្រមទាំងគោលនយោបាយ ឧបករណ៍ និងយន្តការពាក់ព័ន្ធ ដើម្បីសម្របសម្រួលការផ្តល់ហិរញ្ញប្បទានឆ្ពោះទៅរកគំនិតផ្តួចផ្តើមកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងការសម្របខ្លួនទៅនឹងអាកាស-ធាតុ។ តាមរយៈយន្តការដែលផ្តោតលើទាំងដំណើរការបោះផ្សាយ និងក្រោយការបោះផ្សាយ ភាពជាដៃគូនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាព និងបង្វែរចំណាប់អារម្មណ៍របស់ក្រុមហ៊ុនបោះផ្សាយនៅកម្ពុជា ពីការបោះផ្សាយបែបប្រពៃណី ទៅជាការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណនិរន្តរភាព និងសញ្ញាបណ្ណផ្សារ-ភ្ជាប់និរន្តរភាព ដែលគោលដៅចុងក្រោយបំផុត គឺការពង្រីកការវិនិយោគពាក់ព័ន្ធនឹងអាកាសធាតុនៅកម្ពុជា។

ប្រភព៖ និយ័តករមូលបត្រកម្ពុជា