អ្នកធានាទិញមូលបត្រនៃប្រតិបត្តិករទូរគមនាគមន៍របស់ក្រុមហ៊ុន Royal Group CAMGSM PLC (Cellcard) គ្រោងនឹងរៀបចំកម្មវិធីបង្ហាញពីការបើកដំណើរការនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសារធារណៈ (Initial Public Offering-IPO) ជាបន្តបន្ទាប់នៅក្នុងខែឧសភា។
លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុន SBI Royal Securities ដែលជាអ្នកធានាទិញមូលបត្រ(underwriter) របស់ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ក្នុងកម្មវិធីបង្ហាញ IPO របស់ក្រុមហ៊ុនថា ក្រុមហ៊ុនគ្រោងនឹងរៀបចំកម្មវិធីបើកដំណើរការនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសារធារណៈ(IPO Roadshow)នៅក្នុងទីក្រុង និងខេត្តសំខាន់ៗចំនួនបួនក្នុងប្រទេសកម្ពុជា។
លោក ចាន់ ធឿន បានបន្តថា កម្មវិធីបង្ហាញ (Roadshow) នឹងធ្វើឡើងចំនួនពីរលើកក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែឧសភា និង ២៧ ខែឧសភា។ កម្មវិធីបង្ហាញ លើកទីមួយនឹងធ្វើឡើងនៅខេត្តព្រះសីហនុនៅថ្ងៃទី២ ខែឧសភា ខណៈកម្មវិធីបង្ហាញ លើកទី៣ នឹងធ្វើឡើងនៅខេត្តបាត់ដំបងនៅថ្ងៃទី២០ ខែឧសភា។ កម្មវិធីបង្ហាញ នៅខេត្តសៀមរាប គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែឧសភា។ លោក ចាន់ ធឿន បានបន្ថែមទៀតថា កម្មវិធីបង្ហាញ លើកទីមួយនឹងធ្វើឡើងនៅសណ្ឋាគារ Prince Times ក្នុងក្រុងព្រះសីហនុ ខណៈលើកទី២ និងទី៥ នឹងរៀបចំនៅ Hotel Cambodiana។ សាលាក្រុងបាត់ដំបងនឹងរៀបចំកម្មវិធីបង្ហាញលើកទី៣ ចំណែកលើកទី៤ នឹងធ្វើឡើងនៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort។
លោកបានលើកឡើងទៀតថា “នៅក្នុងកម្មវិធីបង្ហាញ នីមួយៗ សមាជិកក្រុមការងាររបស់យើងនឹងបង្កើតស្តង់លក់ស៊ីមកាត Cellcard ដល់សាធារណជន ដើម្បីឲ្យពួកគេក្លាយជាអតិថិជនរបស់ Cellcard ដើម្បីមានសិទ្ធិវិនិយោគក្នុងភាគហ៊ុន” ដោយបន្ថែមថា វិនិយោគិនដែលទិញភាគហ៊ុនបោះឆ្នោត Class A នឹងមានសិទ្ធិទទួលបានភាគលាភប្រចាំត្រីមាស ដែលជាការចែកចាយភាគលាភប្រចាំត្រីមាសដែលធានាជាលើកដំបូង។ CAMGSM Plc ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ១៩៩៦ ហើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Millicom Co Ltd និងអ្នកឧកញ៉ា គិត ម៉េង។ លោក ចាន់ ធឿន បញ្ជាក់ថា ក្រុមហ៊ុន Cellcard គ្រោងនឹងលក់ភាគហ៊ុនរបស់ខ្លួនក្នុងតម្លៃ ០.៥៧ ដុល្លារក្នុងមួយហ៊ុន។
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (Non-Bank Financial Services Authority-FSA) នៅដើមខែនេះបានអនុម័តជាគោលការណ៍នូវសំណើរបស់ CAMGSM PLC ដើម្បីរៃអង្គាសប្រាក់៣០លានដុល្លារតាមរយៈការបោះផ្សាយ IPO លើផ្សារមូលបត្រកម្ពុជា (CSX) ដែលនឹងបង្កើនបរិមាណទីផ្សារសរុបដល់ជាង ៣ពាន់លានដុល្លារពីកម្រិតបច្ចុប្បន្នប្រហែល២ពាន់លានដុល្លារ។ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(FSA) ក៏បានជំរុញឱ្យក្រុមហ៊ុន Cellcard បំពេញបែបបទផ្លូវការនៃការចេញភាគហ៊ុនដែលតម្រូវដោយនិយតករមូលបត្រកម្ពុជា (SERC)។ លោក ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជាបាននិយាយថា FSA បានអនុម័តលើសំណើនេះ ដោយផ្អែកលើភាពចាំបាច់នៃសេវាទូរគមនាគមន៍របស់ក្រុមហ៊ុនCellcard សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ វាស្ថិតក្នុងចំណោមសេវាសាធារណៈចាំបាច់ផ្សេងទៀតរួមមានទឹក និងអគ្គិសនី បើទោះបីជាទំហំការចេញផ្សាយមានចំនួនតិចតួចក៏ដោយ ពោលគឺមិនដល់ប្រាំភាគរយឡើយ។ លោក សុជាតិ បានបន្តថា “សមាជិកក្រុមប្រឹក្សាទាំងអស់បានឯកភាពទាំងស្រុងចំពោះការអនុម័ត និងអបអរសាទរចំពោះក្រុមហ៊ុនដាក់ពាក្យ” ដោយបន្ថែមថា IPO របស់សែលកាតនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចរបស់ប្រទេស។
លោក ហុង សុហួរ នាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ខ្មែរថាមស៍ថា ក្រុមហ៊ុនសែលកាត មានមូលធនកម្មទីផ្សារខ្ពស់បំផុត ប្រហែល ១.៤ ពាន់លានដុល្លារ ក្នុងចំណោមក្រុមហ៊ុនដែលបានចុះបញ្ជីក្នុង CSX ដែលជាធម្មតាក្រុមហ៊ុនបច្ចេកវិទ្យា ឬទូរគមនាគមន៍មានតម្លៃជាងអង្គភាពផ្សេងទៀត ដូចជាធនាគារ។ លោក សុហួរ បានថ្លែងថា៖ «ខ្ញុំគិតថាវាអាចជាជំហានដំបូង។ លោក សុហួរ បន្ថែមថា ក្រុមហ៊ុនCellcard នឹងអាចបោះផ្សាយមូលបត្របំណុលនៅលើ CSX សម្រាប់បំពេញតាមយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ខ្លួន។