ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយអ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងតំណាងក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ដើម្បីពិភាក្សាការផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា។
==============
នារសៀលថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីទទួលជួបប្រជុំជាមួយលោក Vivek Rao, អ្នកជំនាញវិស័យហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក ស៊ីសុវត្ថិ ចក្រការា នាយកប្រតិបត្តិ នៃក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ ខេមបូឌា (RAC) និងសហការី នៅទីស្តីការ ន.ម.ក. ដើម្បីពិភាក្សាពីផែនការនៅក្នុងការគាំទ្រការអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា ពិសេសទីផ្សារសញ្ញាបណ្ណ។ តាមរយៈកិច្ចប្រជុំពិភាក្សានេះផងដែរ លោក Vivek បានធ្វើសេចក្តីសង្ខេបអំពីខ្លឹមសារដែលលោក បានជួបប្រជុំពិភាក្សា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, អគ្គនាយកដ្ឋានបេឡាសន្តិសុខសង្គម, ផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ, ក្រុមហ៊ុនមូលបត្រ, ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ, ក្រុមហ៊ុនបោះផ្សាយសក្តានុពល, សាជីវកម្មធានាឥណទានកម្ពុជា និង RAC។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
ប្រភព៖ និយ័តករមូលបត្រកម្ពុជា