ចំណងជើង៖វេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូក ៣ លើកទី៤១៖ ការចូលរួមរបស់កម្ពុជាស្តីពីហិរញ្ញវត្ថុនិរន្តរភាព និងការចងសម្ព័ន្ធតំបន់

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូក ៣ លើកទី៤១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែតុលា គ.ស.២០២៤ ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី និងគណៈកម្មការមូលបត្រម៉ាឡេស៊ី នៅទីស្ដីការគណៈកម្មការមូលបត្រម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនេះ ឯកឧត្តមបានឆ្លៀតពេលចូលរួមទស្សនកិច្ចនៅមជ្ឈមណ្ឌលអង្គការគណ:កម្មការមូលបត្រអន្តរជាតិ (IOSCO) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលនិយ័តករមូលបត្រ និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពិភាក្សាទៅលើការផ្តល់ហិរញ្ញប្បទាននិរន្តរភាព រួមមាន÷ តួនាទីនៃក្រមសីលធម៌ ហិរញ្ញប្បទានចម្រុះ  (Blended Finance) ការក្លែងបន្លំបៃតង (Greenwashing) ការជំរុញទីផ្សារកាបូនអាស៊ាន ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ (Climate Adaptation) និងការធ្វើបច្ចុប្បន្នភាពនៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ានអំពីហិរញ្ញវត្ថុនិរន្តរភាព។ ព្រមជាមួយគ្នានេះកិច្ចប្រជុំនេះក៏មានកិច្ចប្រជុំអនុវេទិកាទី១ ផ្តោតសំខាន់លើបច្ចុប្បន្នភាពនៃទីផ្សារសញ្ញាបណ្ណអាស៊ាន និងអនុវេទិកាទី២ ផ្តោតសំខាន់លើការអនុវត្ត IOS ២០០២២ ស្តង់ដានៃការរាយការណ៍ការជួញដូររូបិយបណ្ណអន្តរជាតិ (FX Regulatory Reporting) និងករណីដែលប្រើប្រាស់ជាសកលសម្រាប់ការកំណត់អត្តសញ្ញាណនីតិបុគ្គល (Legal Entity Identifier)។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងហិរញ្ញវត្ថុ ធនាគារកណ្ដាល និយ័តករមូលបត្រ ប្រតិបត្តិករទីផ្សារ សមាគមទីផ្សារហិរញ្ញវត្ថុ វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាព វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗ នៃសមាជិកអាស៊ានបូកបី។

ព័ត៌មានស្រដៀងគ្នា